នេះបើតាមសារព័ត៌មាន AFP បានផ្សាយថា៖ Liverpool នៅតែមានការលើកទឹកចិត្តខ្ពស់ក្នុងការឈ្នះពានក្របខ័ណ្ឌ Champions League និង Premier League បើទោះបីគ្មានវត្តមានរបស់តារាឆ្នើម Virgil van Dijk ក៏ដោយ។ នេះបើយោងទៅតាមការបញ្ជាក់របស់ខ្សែបម្រើ Trent Alexander-Arnold កាលពីថ្ងៃចន្ទ។
ខ្សែការពារអន្តរជាតិហូឡង់ Van Dijk ត្រូវបានរំពឹងទុកថា នឹងអវត្តមានរហូតដល់បញ្ចប់រដូវកាលនេះ ក្រោយពីបានរងរបួសដាច់សរសៃជើង ពេលជួបក្រុម Everton ក្នុងជំនួបរវាងក្រុមស្ថិតក្នុងតំបន់ Merseyside ដូចគ្នា កាលពីខែមុន។ ប៉ុន្តែ ចាប់តាំងពីពេលនោះមក Liverpool ដណ្តើមបានពិន្ទុពេញពីការប្រកួតទាំង៤លើក ដើម្បីវិលទៅឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League និងពូលរបស់ខ្លួនក្នុងក្របខ័ណ្ឌ Champions League។ ក្រុមរបស់លោក Jurgen Klopp បានបញ្ចប់ការរង់ចាំរយៈពេល៣០ឆ្នាំ ដើម្បីឈ្នះពានក្របខ័ណ្ឌលីក កាលពីដើមឆ្នាំនេះ ពោលគឺត្រឹមតែ១រដូវកាល ក្រោយពីបានឈ្នះពាន Champions League។ ជាមួយគ្នានេះ ខ្សែបម្រើដ៏មានឥទ្ធិពល Alexander-Arnold ជឿជាក់ថា បទពិសោធគឺជាគន្លឹះដ៏សំខាន់ក្នុងការជម្នះលើឧបស័គ្គនានាដែលពួកគេជួបនៅរដូវកាលនេះ។
នៅមុនពេលការប្រកួតក្របខ័ណ្ឌ Champions League នៅលើទឹកដីក្រុម Atalanta កីឡាករ Alexander-Arnold បានឲ្យដឹងថា៖ «រាល់បញ្ហាទាំងអស់គឺជាវិដ្តន៍ដែលយើងកំពុងតែស្ថិតនៅ និងក្រុមដែលយើងកំពុងតែស្ថិតនៅ។ ប៉ុន្តែ យើងនៅតែផ្តោតលើសមិទ្ធផលដែលយើងចង់សម្រេចឲ្យបាន និងសមិទ្ធផលដែលយើងចង់ឈ្នះ»៕
0 comments:
Post a Comment